វគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មានពីបរិសា្ថន

  • វគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មានពីបរិសា្ថន វគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មានពីបរិសា្ថន
Image of

កោះកុង​៖​ អង្គការ​អន្តរជាតិ​អភិរក្ស​ធនធាន​ធម្មជាតិ​ IUCN​ បាន​រៀបចំ​វគ្គបណ្តុះ​បណ្តាល​ស្តីពី​ឥទ្ធិពល​នៃការ​ប្រែប្រួល​អាកាសធាតុ​ទៅនឹង​សហគមន៍​តំបន់​ឆ្នេរ​ក្នុង​ប្រទស​កម្ពុជា​ និង​ប្រទេស​ថៃ​ ដែល​មាន​រយៈពេល​បីថ្ងៃ​គឺ​ចាប់ពី​ថ្ងៃទី​២៤​ ដល់​ថ្ងៃ២៦​ មេសា​ កន្លង​ទៅនេះ​។​ សិក្ខាកាម​គឺជា​អ្នកសារព័ត៌មាន​កម្ពុជា​ ដែល​មក​ពី​ខាង​កាសែត​ភ្នំពេញប៉ុស្តិ៍​ និង​ទូរទស្សន៍​CNC ​។ ចំនែកឯ​ខាង​ភាគី​ថៃ​វិញ​នោះ​ គឺមាន​មកពី​ទីភ្នាក់ងាផ្សាយ​ព័ត៌មាន​ថៃ​ ​(Thai​ PBS​)​ ។ ​

 

វគ្គ​បណ្តុះបណ្តាល​នេះ​ បាន​ធ្វើឡើង​នៅ​ក្នុង​ខេត្ត​កោះកុង​ ដែល​ជា​ព្រំប្រទល់​រវាង​ប្រទេស​កម្ពុជា​ និង​ថៃ​ ហើយ​ក៏ទីលាន​ជាក់ស្តែង​មួយ​សម្រាប់​អ្នកសារព័ត៌មាន​ដែល​ទទួល​ការបណ្តុះ​បណ្តាល​ហើយ​បាន​ធ្វើ​ទស្សនៈ​កិច្ច​សិក្សា​ក្នុង​នៅ​កោះកាពិ​ ដើម្បី​បាន​ចុះអនុវត្ត​ផ្ទាល់​តែ​ម្តង​។​

 

លោក​គង់​ គឹម​ស្រេង​ មន្ត្រី​ជាន់ខ្ពស់​នៃ​កម្មវិធី​របស់​អង្គការ​IUCN​តំណាង​នៅ​កម្ពុជា​បាន​ពន្យល់​ឲ្យដឹង​ពី​គោល​បំណង​នៃ​វគ្គបណ្តាល​បណ្តាល​នេះ​ថា​៖​ “​វគ្គ​បណ្តុះបណ្តាល​នេះ​ ធ្វើ​ឡើង​ក្នុង​គោល​បំណង​បង្កើន​ការយល់ដឹង​ខ្ពស់​របស់​អ្នកសារព័ត៌មាន​សី្ត​អំពី​ឥទ្ធិពល​នៃការ​ប្រែ​ប្រួល​​អាកាសធាតុ​ទៅ​នឹង​សហគមន៍​តំបន់​ឆ្នេរ​។​ ហើយ​ដើម្បី​លើកទឹកចិត្ត​ចំពោះ​អ្នកចូលរួម​ ដើម្បី​បញ្ចូល​ចំណេះដឹង​ និង​ព័ត៌មាន​ដែល​ទទួល​បាន​ពី​សិក្ខា​សាលា​ដាក់​បញ្ចូល​ទៅ​ក្នុង​កម្មវិធី​ផែនការ​ព័ត៌មាន​ និង​ព្រឹតិ្តការណ៍​ផ្សេង​ៗ​របស់​ទូរទស្សន៍​ និង​បណ្តាញ​សារព័ត៍មាន​ដ៏ទៃ​ៗ​ទៀត​។​”

 

មិនតែប៉ុណ្ណោះ​ លោក​បណ្ឌិត​ ស្រី​ ស៊ុនលាង​ ប្រធាន​នាយក​ដ្ឋាន​ ដី​សើម​ និង​តំបន់​ឆេ្នរ​ នៃ​ក្រសួង​បរិស្ថាន​ដែលបាន​ចូលរួម​ជា​ភាគ្មិកិត្តិយស​ និង​ជាអ្នកបណ្តុះ​បណ្តាល​នៅក្នុង​វគ្គនោះ​ក៏បាន​ឲ្យដឹង​ដែរថា​ សម្រាប់​ទស្សនៈ​ផ្ទាល់​ លោកយល់​ថា​វគ្គបណ្តុះ​បណ្តាល​នេះ​ពិតជា​មានសារ​សំខាន់​ណាស់​ចំពោះ​អ្នកចូលរួម​ ជាពិសេស​គឺ​ចំពោះ​អ្នកសារព័ត៌មាន​ផ្ទាល់តែម្តង​ ព្រោះ​បញ្ហា​បរិស្ថាន​គឺជា​បញ្ហា​ទាំងអស់​គ្នា​ ហើយ​បញ្ហា​បរិស្ថាន​មិនមែន​ជា​បញ្ហា​ថ្មី​ទៀត​ទេ​ ប៉ុន្តែ​ជា​បញ្ហា​ក្តៅមួយ​ដែល​ទាមទារ​ឲ្យមាន​ការចូលរួម​ទាំងអស់​គ្នា​ពី​គ្រប់មជ្ឈដ្ឋាន​ ដើម្បី​ការពារ​ ថែរក្សា​ និង​អភិរក្ស​ផង​ដែរ​។​

 

លោកបណ្ឌិត​ ស្រី​ ស៊ុនលាង​ បានបន្តរ​ទៀត​ថា​៖​ “វគ្គនេះ​ក៏បាន​បង្កើន​ការ​ទំនាក់​ទំនង​រវាង​អ្នកសារព័ត៌មាន​ជាមួយ​អ្នកជំនាញ​ ដើម្បី​បង្កើន​គុណភាព​ក្នុង​ការផ្សព្វផ្សាយ​ឲ្យ​រឹត​តែ​ជាក់លាក់​ និង​ស៊ី​ជម្រៅ​ ព្រោះ​ថា​ចំពោះ​ខាង​កាសែត​ដែល​ល្បី​ រឺ​ទូរទស្សន៍​ដែល​ល្បី​ គឺ​មាន​ទស្សនិកជន​ច្រើន​ ដូច្នេះ​ក្រោយ​ការ​ផ្សព្វផ្សាយ​ទៅ​ វាអាច​នឹង​ផ្តល់​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន​មួយ​ក្នុង​សង្គម​ទៅ​ថ្ងៃអនាគត​»។”

កញ្ញា​ អ៊ូ​ បាណុង​ អ្នកសរសេរ​ព័ត៌មាន​ខាងកាសែត​ភ្នំពេញ​ប៉ុស្តិ៍​បាន​បង្ហាញ​ពី​ចំនាប់​ផ្ទាល់​ផង​ដែរ​ថា​៖​ “ខ្ញុំ​ពិត​ជា​រៀន​បាន​ច្រើន​ស្តី​អំពី​បរិស្ថាន​ ពិសេស​គឺពី​ការបំរែបំរួល​អាកាសធាតុ​នៅ​តំបន់​ឆ្នេរ​ ក្រោយ​ពីការ​ចូលរួម​វគ្គបណ្តុះ​បណ្តាល​នេះ​។​ ​ជា​ការ​ពិត​ ខាង​ខ្ញុំ​ធ្លាប់​បាន​អាន​ព័ត៌មាន​ ឯកសារ​ និង​ជួប​សំភាសន៍​ជាមួយ​សាស្រ្តាចារ្យ​ និង​អ្នកជំនាញ​ខាងបរិស្ថាន​ជាច្រើន​ ប៉ុន្តែ​ខ្ញុំ​គ្រាន់​តែ​បាន​យល់​ប៉ុណ្ណោះ​ តែ​វគ្គបណ្តុះ​បណ្តាល​នៃ​មិន​ត្រឹមតែ​ផ្តល់​ជា​ទ្រឹស្តី​នោះ​ទេ​ តែ​ថែមទាំង​ផ្តល់​ជាការ​អនុវត្ត​ជាក់ស្តែង​ ទៅ​ឃើញ​ទីតាំង​ជាក់ស្តែង​ និង​បាន​ជួបផ្ទាល់​ជាមួយ​អ្នកជំនាញ​ និង​អ្នក​រងគ្រោះ​ពី​បរិស្ថាន​ផ្ទាល់​តែ​ម្តង​។”

 

កញ្ញា​បាណុង​បាន​បន្ថែម​ទៀត​ថា​៖​ “ខ្ញុំ​សង្ឃឹម​ថា​ អ្នកសារព័ត៌មាន​ក៏ដូចជា​អ្នកដែល​ទទួល​ព័ត៌មាន​ទាំងអស់​បានចូលរួម​សិក្សា​ស៊ីជម្រៅ​ពី​បរិស្ថាន​ និង​ចូលរួម​ថែរក្សា​ទាំងអស់​គ្នា​។​ ​ជាពិសេស​គឺ​អ្នកសារ​ព័ត៌មាន​ផ្ទាល់​តែ​ម្តង​ គឺ​ត្រូវ​តែ​សិក្សា​ឲ្យ​ច្បាស់​ពី​ប្រធានបទ​ ដើម្បី​ឲ្យ​ការផ្សាយ​ទៅ​មាន​ភាព​ស៊ីជម្រៅ​ និង​មាន​ការផ្តល់​ជា​ចំណេះដឹង​សម្រាប់​អ្នក​អាន​។ មិនតែ​ប៉ុណ្ណោះ គឺ​កម្ម​វិធី​នេះ​​បាន​ពង្រឹង​ចំនង​ទាក់ទង​ ក៏ដូចជា​ការផ្លាស់ប្តូ​ចំណេះ​ដឹង​រវាង​គ្នានឹងគ្នា​ពីសំណាក់​អ្នកសារព័ត៌​មាន​ជាតិ​ និង​អន្តរជាតិ​។​”

 

លោក​ គង់​ គឹម​ស្រេង​បាន​បញ្ជាក់​ផងដែរថា​ ដោយ​ឃើញ​ពីសារសំខាន់​នៃ​វគ្គបណ្តុះ​បណ្តាល​ទៅកាន់​អ្នក​សារព័ត៌មាន​ ដើម្បី​ទទួល​បាន​ផ្លាស់ប្តូរ​ជាវិជ្ជមាន​នេះ​ ខាង​IUCN​ នឹង​បន្តរ​បង្កើន​វគ្គ​បណ្តុះបណ្តាល​បែប​នេះ​ទៀត​។​

 

លោក​បាន​សង្កត់ធ្ងន់​ថា​៖ ​“បើតាម​គម្រោង​គឺ​ខាង​លោក​នឹង​រៀប​ចំ​វគ្គ​នេះមួយ​ទៀត​នៅ​ក្នុង​ខែវិចិ្ឆកា​ ចុងឆ្នាំ​២០១៣​នេះ​ ហើយ​យើង​នឹង​ព្យាយាម​គៀងគរ​អ្នកសារព័ត៌មាន​ជាតិ​យើង​ឲ្យ​ចូលរួម​កាន់​តែ​ច្រើន​សម្រាប់​វគ្គ​បណ្តុះ​បណ្តាល​លើក​ក្រោយ​ៗ​ទៀត​”៕